សូមប្រុងប្រយ័ត្នខ្ពស់! សាកទូរស័ព្ទបណ្ដើរចុចលេងបណ្ដើរ ឆក់ម្ដង ៤នាក់ នៅស្វាយរៀង

805

ខេត្តស្វាយរៀង៖ កាលពីវេលាម៉ោង៥និង១៥ នាទីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារ ដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យ បន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃស្រាតលេងទូរសព្ធ័បណ្ដើរសាកថ្មបណ្ដើរបណ្ដាលឲ្យឆ្លងភ្លើងឆក់ យាយចូលជួយឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។ ហេតុការណ៍នេះបានកើតឡើង ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថាស្ត្រី ដែលស្លាប់មានឈ្មោះយស់ទូច អាយុ៦៥ឆ្នាំ ត្រូវបានសម្ថកិច្ចប្រគល់សពឲ្យធ្វើបុណ្យតាមប្រពៃណី ក្រោយធ្វើពិនិត្យ និងស្ត្រីចំណាស់ ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមាន ឈ្មោះចាន់សេរី អាយុ៦៦ ឆ្នាំ អ្នកទាំងពីរមានមុខរបរកសិករ ចំណែកក្មេងស្រីដែលរងរបួសមាន ឈ្មោះអ៊ាម សុម៉ាឡែន អាយុ១៥ ឆ្នាំ និងឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ ជាសិស្ស។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរសព្ទ័ ហើយក៏បានអូសយករូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសសៃរស្រាត ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យឆក់ឃើញបែបនោះយាយក៏រត់ចូលជួយ បណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យ ដែល៣នាក់ត្រូវបានសង្គ្រោះទាន់ពេល ប៉ុន្តែអកុសលដោយស្ត្រីឈ្មោះ យស់ ទូចមានសភាពធ្ងន់ក៏បានស្លាប់៕