ភ័យពេញយានដ្ឋាន! នាយករងសាលា ទាញអាកាគំរាមគូបដិប្ប ព្រោះមិនពេញចិត្តរឿងប្រជែងលេខរៀង

258

ថៃ៖ កាលពីថ្ងៃទី១០ ខែសីហា អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ “ថែន សាំងខាំមី” បានបង្ហោះវីឌីអូនៃព្រឹត្តិការណ៍ក្នុងយាន្តដ្ឋានមួយ ក្នុងនោះមានបុគ្គលស្លៀកឯកសណ្ឋានជាគ្រូបង្រៀន ដើរកាន់របស់ស្រដៀងនឹងកាំភ្លើងអាកា ទៅគំរាមដល់ភាគីដែលបានឈ្លោះប្រកែកគ្នា មុនពេលដើរទៅខាងក្រោយរថយន្ត Toyota Fortuner ពណ៌សដើម្បីទុករបស់ដែលកាន់មកជាមួយ បន្ទាប់ពីចូលទៅក្នុងឡាន។

ទីបំផុតអ្នកយកព័ត៌មានបានចុះទៅដល់កន្លែងកើតហេតុដែលជាយានដ្ឋានរបស់ក្រុមហ៊ុនឯកជនមួយ មានទីតាំងនៅក្បែរស្ថានីយ៍ដឹកជញ្ជូនឆូកឆៃ ភូមិ១០ ផ្លូវរាជសីមា – ឆូកឆៃ ឃុំឆូកឆៃ ស្រុកឆូកឆៃ ខេត្តនៈខនរ៉ាឆៈស៊ីម៉ា និងបានសួរទៅលោក វិស្នុ ក្រឺនក្រៈថូក អាយុ ៣០ ឆ្នាំ បុគ្គលិកនៅក្នុងយានដ្ឋានខាងលើ បានឲ្យដឹងថា រឿងនេះកើតឡើងប្រហែលម៉ោង ១១:៣០នាទី កន្លងមក។ នៅពេលនោះមានអតិថិជនចំនួន ២នាក់នៅក្នុងលេខរៀងហើយ លេខរៀងទីមួយ គឺបុរសវ័យកណ្តាលម្នាក់ បើករថយន្ដ Isuzu ចូលមកដើម្បីពិនិត្យមើលស្ថានភាពរថយន្ត ប៉ុន្តែចូលខុសកន្លែង ទើបបត់រថយន្តទៅកន្លែងត្រួតពិនិត្យថ្មី ធ្វើឱ្យអតិថិជនម្នាក់ទៀត ស្លៀកឯកសណ្ឋានគ្រូ បើកបររថយន្តម៉ាក Toyota Fortuner ពណ៌ស មកតម្រង់ជួរខាងក្រោយ មានអារម្មណ៍មិនពេញចិត្ត ដោយគិតថាអ្នកបើកបររថយន្តមួយបាំងកន្លះនេះកំពុងតែប្រជែងលេខរៀង ទើបឈរប្រកែកគ្នាប្រហែលជាង ១០នាទីមុនពេលដែលបុរសស្លៀកពាក់ឯកសណ្ឋានគ្រូបង្រៀនដើរទៅក្រោយរថយន្ត Fortuner បន្ទាប់មកចាប់របស់ដែលមើលទៅស្រដៀងទៅនឹងកាំភ្លើងអាកា ដើរចេញមកគំរាមអ្នកដែលបានឈ្លោះជាមួយ ហើយបានត្រលប់យកទៅទុកវិញនៅក្រោយឡាន។

ហេតុការណ៍នេះត្រូវបានប្រពន្ធរបស់បុរសម្នាក់ជិះរថយន្តមួយបាំងកន្លះគូបដិប្បប្រើទូរស័ព្ទដៃថតទុក។ ក្រោយមកមានមន្រ្តីប៉ូលីសម្នាក់នៅប៉ុស្តិ៍នគរបាល ឆូកឆៃ បានចុះទៅសម្របសម្រួលមុនពេលពួកគេទាំងពីរយល់ព្រម ហើយសុំទោសគ្នាទៅវិញទៅមក ដែលពួកគេសន្និដ្ឋានថាមូលហេតុមកពីការយល់ច្រឡំ។

ចំណែកខាង​លោក កៈវិនថាត់ ប៉ងថងឡាង អាយុ ៣៣ឆ្នាំ ជាបុគ្គលិកម្នាក់ទៀតនៅក្នុងហេតុការណ៍នោះបាននិយាយថា «នៅពេលដែលបុរសនោះកាន់អាវុធដើរមកនោះ អតិថិជនជាង ១០នាក់ដែលកំពុងអង្គុយលេងនៅក្នុងហាងពេលបានឃើញហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាំគ្នារត់គេចចេញពីកន្លែងនោះ ព្រោះភ័យខ្លាចថាមានការបាញ់ប្រហារនឹងកើតឡើងដូចនៅស្ថានីយ ២១កូរ៉ាត ប៉ុន្តែបន្ទាប់ពីបុរសម្នាក់នោះយកកាំភ្លើងទៅទុកក្រោយរថយន្ដវិញមានអារម្មណ៍ថាធូរទ្រូង»។ ទោះជាយ៉ាងណាក៏ដោយពួកគាត់គិតថាមនុស្សដែលមានវិជ្ជាជីវៈជាគ្រូបង្រៀន គួរតែមានឥរិយាបទល្អជាងនេះ ដើម្បីធ្វើជាគំរូដល់កូនសិស្សនិងយុវជនដែលបានឃើញ ទោះវាជាកាំភ្លើងពិតឬជាកាំភ្លើងក្លែងក្លាយក៏ដោយ ក៏មិនគួរយកមកបំភិតបំភ័យដូចនេះដែរ។

អ្នកយកព័ត៌មានសាកសួរ លោកវរសេនីយ៍ឯក សុរៈជិត វិវ័តសម្បត្តិ ស្នងការនគរបាលឆូកឆៃ បានប្រាប់ឱ្យដឹងថា បើតាមមន្រ្តីប៉ូលីសដែលបានចូលរួមក្នុងការសម្របសម្រួលហេតុនេះបាននិយាយថា គ្រូបង្រៀនខាងលើគឺជានាយករងនៃសាលាមួយក្នុងស្រុក ចនបុរី ហើយអ្វីដែលគ្រូបានកាន់នោះមិនមែនជាកាំភ្លើង ឬអាវុធនៃសង្គ្រាមណាមួយនោះទេ តាមពិតវាគ្រាន់តែជាពិណធ្វើពីឈើដែលសិស្សបានធ្វើឱ្យប៉ុណ្នោះ។ នៅពេលនោះគ្រូបានសារភាពថាមានចិត្តខឹង រហូតបាត់បង់សតិ ទើបធ្វើជាកាន់ពិណ (តែគាត់ធ្វើពីឈើ ឲ្យដូចនឹងកាំភ្លើងអាកា)ដែលស្រដៀងនឹងកាំភ្លើងអាកាចេញមកបង្ហាញលេងៗ។

ក្រោយពីមានការសម្របសម្រួលពីប៉ូលីស បន្ទាប់មកចិត្តក៏ត្រជាក់វិញ ហើយសុំទោសគ្នាទៅវិញទៅមក គ្មានអ្វីធ្ងន់ធ្ងរជាងនេះនោះទេ។ ប៉ុន្តែគូបដិប្បត្រូវបានរាយការណ៍ទៅប៉ុស្តិ៍នគរបាលឆូកឆៃ ដែលប៉ូលីសបានចោទប្រកាន់ពីបទបំភិតបំភ័យ ដោយហៅភាគីទាំងពីរមកសួរចម្លើយ ហើយប្រមូលភស្តុតាង ដើម្បីបញ្ជូនរឿងក្តីទៅព្រះរាជអាជ្ញានិងប្តឹងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃបន្តាប់៕