មន្ត្រីគយ ប្រកាសនឹងលក់រថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត ដើម្បីប្រមូលថវិការចូលរដ្ឋ

1360

ខេត្តព្រះសីហនុ៖ នៅក្នុងខេត្តព្រះសីហនុមានរថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃ ៧សីហា២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះផុតកំណត់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០​ នេះបើតាមមន្ត្រីគយថ្លែងឲ្យដឹង។

គួរបញ្ចាក់ថា អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសជូនដំណឹង និងអញ្ញើជាលើកចុងក្រោយដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្នដោយរដ្ឋបាលគយ ឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ គិតចាប់ថ្ងៃជូនដំណឹង។

ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបានកំណត់ យានយន្ត និងទំនិទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយ អគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈតាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។

អាស្រ័យហេតុនេះ សូមម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ មេត្តារួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ច ដូចបានជម្រាបជូនខាងលើឲ្យបានទាន់ពេលវេលា៕