សមាជិកសភាអង់គ្លេស ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ

842

ឡុនដុន៖ បើយោងតាមគេហទំព័ររបស់សារព័ត៌មាន The Japan Times News បានចេញផ្សាយថា សមាជិកសភា និងជាអតីតរដ្ឋមន្រ្តីមកពីគណបក្សអភិរក្សនៅប្រទេសអង់គ្លេស ត្រូវបានចាប់ខ្លួន បន្ទាប់ពីជំនួយការសភាម្នាក់បានចោទប្រកាន់ គាត់ពីបទរំលោភសេពសន្ថវៈ ការបំពារពំពានផ្លូវភេទ និងការបង្ខិតបង្ខំ។ អ្នកនយោបាយរូបនោះមិនត្រូវបានបញ្ចេញឈ្មោះទេ ប៉ុន្តែប៉ូលីសក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីនេះបានចាប់ផ្តើមការស៊ើបអង្កេតរួចហើយ។

ប៉ូលីសបាននិយាយថា «កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ប៉ូលីសក្រុងបានទទួលពាក្យបណ្តឹងទាក់ទងនឹងឧប្បត្តិហេតុចំនួន ៤ ដាច់ដោយឡែកពីគ្នា ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងការរំលោភបំពាន»។ បុរសម្នាក់ដែលមានអាយុជាង ៥០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ទី១ ខែសីហា ដោយសង្ស័យពីបទរំលោភសេពសន្ថវៈ។ គាត់ត្រូវបានដោះលែង ធានាឱ្យនៅក្រៅឃុំ នៅថ្ងៃពាក់កណ្តាលខែសីហា។ របាយការណ៍នៃការចាប់ខ្លួននេះក៏បានលេចចេញនៅក្នុងកាសែត Sunday Times ដែលបាននិយាយថា ការចោទប្រកាន់នេះ ត្រូវបានលើកឡើងជាមួយមន្រ្តីជាន់ខ្ពស់ នៃគណបក្សអភិរក្សនិយម។

នៅក្នុងសេចក្តីថ្លែងការណ៍របស់មន្ត្រីបក្សអភិរក្ស ដែលត្រូវបានស្រង់សម្តីដោយអ្នកនាំពាក្យសមាគមសារព័ត៌មានម្នាក់ បាននិយាយថា «យើងយកចិត្តទុកដាក់រាល់ការចោទប្រកាន់ទាំងអស់ ដោយសារបញ្ហានេះឥឡូវស្ថិតក្នុងកណ្តាប់ដៃប៉ូលីសយើងមិនសមនឹងធ្វើអត្ថាធិប្បាយបន្ថែមនោះទេ»៕