ការបកស្រាយអំពីអាថ៌កំបាំង៖ ត្រី “ខ្មៅ” បំផុតនៅលើភពផែនដី ដែលរូបរាងរបស់វា គឺងងឹតខ្លាំងដែលមិនអាចថតរូបបាន

315

មហាសមុទ្រមានប្រហែល៧១% គ្រប់ដណ្ដប់លើផ្ទៃផែនដី ហើយក៏ជាទីអាថ៌កំបាំងសម្រាប់ជីវចម្រុះរាប់លានប្រភេទដែលរស់នៅក្នុងទឹក។ ទោះបីជាមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា លឿនខ្លាំងរហូតដល់មនុស្សអាចសិក្សាស្រាវជ្រាវអំពីជីវិតនៅបាតសមុទ្រក៏ពិតមែន តែមានប្រហែល៥% នៃសមុទ្រប៉ុណ្ណោះដែលមនុស្សទើបតែបានសិក្សាស្រាវជ្រាវ។ ក្នុងនោះមានត្រីខ្លះមានសម្បុរខ្មៅដែលគេពិបាកសិក្សាលើពួកវាជាខ្លាំង។

បណ្ឌិត Karen Osborn មកពីវិទ្យាស្ថាន Smithsonia បានឱ្យដឹងថាពួកគាត់បានរកឃើញត្រីខ្មៅមួយប្រភេទ អាចចាត់ចូលជាត្រីតែមានសម្បុរខ្មៅបំផុតក្នុងពិភពលោក ដោយសារតែពិបាកនឹងមើលឃើញពួកវា ពិបាកថតរូបរបស់វា ឃើញត្រឹមបែបជាស្រមោលខ្មៅ ប្រៀបដូចជាប្រហោងខ្មៅមួយនៅក្នុងមហាសមុទ្រអីចឹងដែរ។

បើយោងតាមការសិក្សារបស់នាង បានលើកឡើងថា ត្រីនេះមានស្បែក “កំពូល” ដែលអនុញ្ញាតឱ្យពន្លឺប៉ះនឹងវា តែមិនអាចឆ្លុះ ឬចាំងបានឡើយ។ លក្ខណៈពិសេសនេះធ្វើឱ្យមានការលំបាកក្នុងការសិក្សា ប៉ុន្តែក្លាយជាសមត្ថភាពដ៏ប្រសើរបំផុតក្នុងការក្លែងបន្លំខ្លួនរបស់វា បំបាំងពីសត្រូវ។

វេជ្ជបណ្ឌិត អូលែន បានលើកឡើងទៀតថា ម៉ូលេគុលសារធាតុពណ៌ខ្មៅនៅលើស្បែករបស់ពួកវាមានទំហំ និងរូបរាងល្អឥតខ្ចោះដើម្បីបំផ្លាញពន្លឺ។ ម៉ូលេគុលបានរៀបចំជាស្រទាប់ៗស្តើងៗហើយប្រមូលផ្តុំគ្នាយ៉ាងធំក្រាស់ មានន័យថាពេលណាមានពន្លឺចាំងមកស្បែកពួកវាចាប់យកពន្លឺមកទុក រីឯពណ៌ខ្មៅគឺរឹតតែខ្មៅឡើងដែលពួកវាអាចបន្លំខ្លួនទៅនឹងមជ្ឈដ្ឋានបានដោយងាយ។ ក្រុមអ្នកស្រាវជ្រាវបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចងក្រងឯកសារជារូបភាព ទោះបីជាត្រីពណ៌ខ្មៅនោះប្រឹងលាក់ខ្លួនយ៉ាងណាក៏ដោយ។

បណ្ឌិត Karen Osborn បានប្រាប់ BBC TV ថាគ្រប់រូបភាពដែលគាត់ថតសុទ្ធតែមានគុណភាពទាបណាស់។ ចុងបញ្ចប់ក្រោមការខិតខំប្រឹងប្រែងថតយករូបភាពរបស់សត្វដែលរស់នៅក្រោមជម្រៅបាតសមុទ្រ២០០ម៉ែត្រ ការស្រាវជ្រាវបាវត្រូវបានចេញផ្សាយនៅក្នុងទស្សនាវត្តីជីវវិទ្យានាពេលបច្ចុប្បន្ន។ Osborn បាននិយាយថារបកគំហើញនេះនឹងក្លាយជាវត្ថុសំខាន់សម្រាប់បញ្ចូលក្នុងបច្ចេកវិទ្យាកាមេរ៉ា និងកែវយឺត។