ក្រសួងសុខាភិបាល​ បញ្ជាក់ពី​ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​ផ្ទុកកូវីដ១៩ ឆ្លងរោគពីថៃ ចូលមកកម្ពុជា

1880

កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល​បានរកឃើញជនជាតិឥណ្ឌូណេស៊ី ២រូបវិជ្ជមានកូវីដ១៩ នៅខេត្តសៀមរាប ដែលពួកគេទាំងពីរនាក់បានធ្វើដំណើរចេញពីក្រុងបាងកក ប្រទេសថៃចូលមកកម្ពុជា ទាំងខ្លួនឯងបានដឹងលទ្ធផលធ្វើតេស្ដរួចទៅហើយថា មានផ្ទុកកូវីដ១៩ ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​តាម​បណ្តាញ Telegram ថា ‹‹​យើង​ដឹង​ហើយ​ថៃ មិនមែន​មើល​ទទេ​នោះទេ ដោយ​តម្រូវ​ឲ្យ​បង់លុយ ខ្ញុំ​មិនដឹង​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើតាម​ការប្រកាស​របស់​ថៃ ជនបរទេស​ទាល់តែ​មាន​ធានារ៉ាប់រង​សុខភាព​រហូត​ទៅដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយសារ​អត់​មាន​លុយ ឥណ្ឌូណេស៊ី​ទាំងពីរ​ក៏​ធ្វើដំណើរ​ទៅ​សៀមរាប ដោយសារ​ឮថា ស្រុក​ខ្មែរ​អត់​យកលុយ​កាក់​››។

លោកស្រីបានបញ្ជាក់ទៀតថា នៅពេលអ្នកជំងឺទាំង២នេះ ចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត មិនមាន​រោគសញ្ញា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ជាពិសេស​កំដៅ​ខ្លួន ដោយ​មិនដឹងថា ពួកគេ​លេបថ្នាំ ឬ​យ៉ាង​នោះទេ។ បន្ទាប់មក ជនជាតិឥណ្ឌូណេស៊ីទាំង២ បានម៉ៅតាក់ស៊ីមួយគ្រឿងជិះតែពីរនាក់ (ទាំងអស់៣នាក់ ទាំងអ្នកបើកបរ) ធ្វើដំណើរមក​កាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបតែម្ដង ដោយមិនបានប៉ះបានទាក់ទងជាមួយអ្នកផ្សេងឡើយ ហើយប្រាប់គ្រូពេទ្យថា អ្នកទាំងពីរមានកូវីដ១៩។

បច្ចុប្បន្ន បុរស​ជនជាតិឥណ្ឌូណេស៊ី​ទាំង២រូប ដែលមានអាយុ៤១ឆ្នាំ និង ៤៤ឆ្នាំខាងលើ ត្រូវបានដាក់​ឱ្យព្យាបាល​ក្នុងមន្ទីរពេទ្យ​បង្អែកខេត្តសៀមរាប រីឯអ្នកបើកបរតាក់ស៊ីវិញកំពុងរង់ចាំលទ្ធផលតេស្ដ៕