សម្ដេចតេជោ ដាក់​បទបញ្ជារហាមឃាត់ពលរដ្ឋវៀតណាមឆ្លងចូលកម្ពុជា ក្រោយវៀតណាមបិទព្រំដែនមុន ដោយមិនបានជូនដំណឹង

1201

ភ្នំពេញ៖ កម្ពុជាហាមឃាត់ពលរដ្ឋវៀតណាមមិនអោយឆ្លងចូលមកកម្ពុជានោះទេ ចាប់ពីម៉ោង ០០ ថ្ងៃទី ២០ ខែមីនា។ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានដាក់​បទបញ្ជារដូច្នេះនៅក្នុងសារជាសម្លេងដែលបានផ្ញើរជូនអាជ្ញាធរខ្មែរ​ជាប់ព្រំដែនខ្មែរ វៀតណាម។ ជាមួយគ្នានេះ​ សម្តេចតេជោស្នើសុំយកពលរដ្ឋខ្មែរដែលត្រូវឃាត់ទុក១៤ថ្ងៃនោះ មកកម្ពុជាវិញ។

ការសម្រេចនេះបានធ្វើឡើងក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជា ដោយពុំបានជូនដំណឹងមកកម្ពុជាជាមុននោះទេ។ នេះមិនមែនជាគោលការណ៍បដិការនោះទេ ហើយក៏មិនមែនជាការសងសឹកនោះដែរ គឺកម្ពុជាមានហេតុផលនឹងធ្វើដូច្នេះ។

សម្តេចតេជោបានបញ្ជាក់ថា ការលើកលែងបំរាមនេះ​ លុះត្រាណាតែភាគីវៀតណាម​ លេីក​លែង​ជាមុន​ ទើបកម្ពុជាអាចបើកឡើងវិញបាន។ ក្នុងមួយថ្ងៃមានពលរដ្ឋវៀតណាមចូលមកកម្ពុជាចំនួន ប្រមាណជា៣០០នាក់ តែពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាមវិញគឺតិចណាស់។ ជាមួយគ្នានេះ សម្តេចតេជោក៏បានប្រាប់ទៅអាជ្ញាធរខេត្តតាមព្រំដែន ឱ្យដាក់សំណើរសុំយកពលរដ្ឋខ្មែរទាំងអស់ដែលវៀតណាមបានដាក់ឱ្យនៅ ដាច់ដោយឡែកចំនួន១៤ថ្ងៃនោះ ឱ្យប្រគល់ពលរដ្ឋខ្មែរមកកម្ពុជាវិញ ។

ដូច្នេះសម្តេចតេជោ ណែនាំកុំឱ្យពលរដ្ឋឆ្លងទៅវៀតណាម ពីព្រោះទៅដល់ក៏គង់តែខាងវៀតណាម ឃាត់ទុកដដែរទេ។ សម្តេចតេជោបានថ្លែងថា ‹‹វៀតណាមបានបញ្ជូនអ្នកផ្ទុកកូវីដ១៩ ចំនួនបីនាក់តាមនាវា Viking Cruise Journey តែពុំមានអ្នកជំងឺកូវីដ១៩ ពីកម្ពុជាទៅវៀតណាមនៅឡើយទេ››។

សម្ដេចតេជោ ក៏បានបន្ថែមទៀតថា ‹‹មិនមែនជាការដែលយើងបាត់បង់សាមគ្គីជាមួយរៀមណាមទេ ប៉ុន្តែវៀតណាមបានប្រកាន់យកឥរិយាបទមួយដើម្បីការពារប្រជាជនរបស់ ដូច្នេះយើងក៏ត្រូវអនុវត្តវិធានការមួយដើម្បីការពារប្រជាជនរបស់យើងដែរ››៕