ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៣០លានដុល្លារ សម្រាប់គម្រោងចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទន្លេ

614

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆកា ឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (The Project for Sewerage System Development in Phnom Penh) ដែលមានទឹកប្រាក់ចំនួន ២ ៧៧៧ លានយ៉េន (ខ្ទង់ ២៧ លានដុល្លារអាមេរិក) នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ មានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយ​កន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង ២០០០ម៉ែត្រ មុខកាត់ ៥០០ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹក​កខ្វក់បឹងត្របែក។ រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ការសាងសង់ត្រូវប្រើរយៈពេលប្រមាណ ៣២ខែ ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០ ។ បន្ថែមពីលើការសាងសង់ គម្រោងក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការនិងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ​ផងដែរ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ ជាគម្រោងបំពេញបន្ថែមឲ្យគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី១ ទី២ ទី៣ ទី៤ ដែលត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនផងដែរ។

សូមជម្រាបថា ហិរញ្ញប្បទានកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន ចាប់តាំងពីដំណើរការមករហូតមកដល់ពេលបច្ចុប្បន្ន មានចំនួនសរុបប្រមាណជាង​ ៥០០០ លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣៥០០ លានដុល្លារអាមេរិក៕ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Ministry of Economy and Finance)