សាហាវ! ឃ្លាំង សេង ហួត បោកលុយជនរងគ្រោះយ៉ាងសាហាវ ក្រោមរូបភាព ទិញ លក់ ជួល បង់រំលោះរថយន្តគ្រប់ប្រភេទ ពេលនេះជនរងគ្រោះបានត្រឹមទ្រហោយំ

2680

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះ ដែលជាអតិថិជនរាប់រយនាក់ កំពុងស្រែកទ្រហោយំ ដោយសារតែ ឃ្លាំងយីហោ សេង ហួត ដែលជាកម្មសិទ្ធិរបស់ សេង សុភក៌ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧២ ក្រុម២ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ធ្វើនំអត់ម្សៅ ឆបោកលុយពីប្រជាពលរដ្ឋ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលោះរថយន្ត គ្រប់ប្រភេទ។

ពេលនេះម្នាក់ៗថ្ងូរស្រែកទ្រហោយំ អស់រាប់ពាន់ដុល្លារ ជាប្រាក់កក់ក្នុងការបង់រំលោះរថយន្ត ទៅតាមស៊េរី តែធាតុពិតគ្មានរថយន្តនៅក្នុងឃ្លាំងសូម្បីមួយគ្រឿង។

ដំបូងពលរដ្ឋរងគ្រោះ បានទៅតវ៉ា ទាមទារលុយវិញ តែក្រុមហ៊ុនតែងតែយកលេសដោះសារថាចាំថ្ងៃនេះ ខណៈលុយក៏អត់បាន ឡានក៏អត់ ទើបដល់ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ពលរដ្ឋរងគ្រោះ ប្រមាណជាង៥០នាក់ លើកគ្នាទៅតវ៉ា ទាមទាររកសំណងលុយរបស់ខ្លួនវិញ បង្កឲ្យផ្អើលកក្រើកឡើង ហើយនាយកក្រុមហ៊ុន និងមេការរត់គេចខ្លួនបាត់។

តាមប្រជាពលរដ្ឋរងគ្រោះ លើកឡើងថាពួកគេបានអស់រាប់ពាន់ដុល្លារ ដែលអ្នកខ្លះបង់លុយ១ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ តាមប្រភេទស៊េរីរថយន្ត កក់ទុកមុនរង់ចាំរថយន្តមកដល់ ក្រុមហ៊ុនប្រាប់ឲ្យមកយកជាក្រោយតែធាតុពិត គ្មានទេរថយន្តនោះបានលុយ មានទាំងឯកសារ លាយល័ក្ខអក្សរហើយ ឲ្យរង់ចាំពេលនេះ ពេលនោះ ហួសកំណត់ ទារលុយវិញក៏ក្រុមហ៊ុនមួយនេះមិនឲ្យ អ្នកខ្លះជេរ ប្រទេច ដាក់បណ្តាសារ ទៅបានលុយខ្លះមកវិញ ហើយពលរដ្ឋខ្លះ អស់ដល់ទៅ ៥ពាន់ ១មុឺនដុល្លារ ហើយទារវិញអត់បាន ឯកសារម្នាក់ៗកាន់ពេញដៃ ជាភ័ស្តុតាង។

សម្រាប់ការតវ៉ានៅល្ងាចថ្ងៃទី២៩ ខែមីនា មានពលរដ្ឋមួយចំនួនអះអាងថា គាត់បង់អស់២មុឺនដុល្លារ បានទាំងឡានយកទៅប្រើប្រាស់២ទៅ៣ខែហើយ ក្រុមហ៊ុនលេងល្បិច ទៅតាមយកឡាននោះមកវិញ ថាមកមកភ្ជាប់ប្រព័ន្ធ GPS ហើយក្រោយពីភ្នាក់ការងារក្រុមបោកប្រាស់យកឡានមកហើយ បាត់សូន្យ មិនដឹងបង្វិលឲ្យទៅខាងណាទៀត លើកពីមួយទៅដាក់មួយវិលជុំ សាកសួររកឡានវិញបាត់ឈឹង ។ ហើយមានពលរដ្ឋខ្លះលើកឡើង ក្រុមហ៊ុនសេង ហួត ប្រើល្បិចបោកថា យកឡានទៅកិបស្លាកលេខ ទៅបាត់តែម្តង ។ ហើយក៏មានល្បិចបោក ក្នុងការទិញរថយន្ត ឲ្យតម្លៃ លើសហាងឆេងគួកជេរវត្តភ្នំទៅទៀត ព្រមថាទិញ លក់ ត្រូវគ្នាហើយ សុំសាករថយន្ត បើកទៅបាត់ឈឹង ។

បត្របង់លុយប្រចាំខែ

តាមសំដីរបស់ប្រជាពលរដ្ឋបន្តទៀតថា ពួកគេបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច និងអាជ្ញាធរ ច្រើនលើកច្រើនសារមកហើយ តែគ្មានដំណោះស្រាយ រហូតដល់ផ្ទុះរឿងរ៉ាវកក្រើកបែបនេះ។ ពួកគាត់កំពុងដាក់ការសង្ស័យទៅលើ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ថាត្រូវរ៉ូវគ្នាទេដឹង ទើបគ្មានដំណោះស្រាយ គ្មានចំណាត់ការទាល់តែសោះ ទុកឲ្យពលរដ្ឋ យំរហេមរហាម នៅមុខក្រុមហ៊ុន រាល់ថ្ងៃ ។

តាមសំដីប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់បានឱ្យដឹងថា ពួកគេនឹងសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ព្រោះថាមានប្រជាពលរដ្ឋរាប់រយឯណោះ ដែលរងគ្រោះពីការឆបោកនេះ៕