ហេតុការណ៍ផ្ទុះរោងចក្រគីមីមួយនៅចិន បានសម្លាប់មនុស្សអស់ ៦៤នាក់ របួសជាងជាច្រើនរយនាក់ផងដែរ (មានវីដេអូ)

500

ចិន៖ យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា មានហេតុការណ៍ការផ្ទុះរោងចក្រគីមីនៅតំបន់ Tianjiayi បានសម្លាប់មនុស្សប្រមាណ ៦៤នាក់ និងបណ្តាលឱ្យមនុស្សជាង ៦៤០នាក់ ផ្សេងទៀតត្រូវរងរបួស រួមទាំងក្មេងៗនៅក្នុងតំបន់នោះផងដែរ ដែលវាបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅវេលាម៉ោងជាង ៣ ថ្ងៃត្រង់នៅក្នុងរោងចក្រគីមីមួយកន្លែងដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Tianjiayi Chemical ក្នុងទីក្រុង Yancheng ប្រទេសចិន។

បន្ថែមពីនេះទៀត មនុស្សជាង ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់នោះ។ ចំណែកអ្នកស្លាប់ និងអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ១៦ កន្លែងខុសៗគ្នា ដើម្បិសង្រ្គោះបន្ទាន់ និងព្យាបាល។

យោងតាមប្រភពដដែលបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន ១៧៦ គ្រឿង និងបុគ្គលិកពន្លត់អគ្គិភ័យចំនួន ៩២៨ នាក់ បានទៅដល់កន្លែងកើតហេតុ ហើយនៅទីបំផុតក៏អាចគ្រប់គ្រងស្ថានភាពនៅទីនោះបានសម្រេចនៅវេលាម៉ោង ៣យប់ ឈានចូលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

តាមរបាយការណ៍ដដែលបានឱ្យដឹងថា ផ្ទះសំបែង អាគារ យានជំនះ និងសម្ភារផ្សេងៗទៀតដែលនៅជិតរោងចក្រគីមីនោះ សុទ្ធសឹងតែរងការខូចខាតទាំងអស់។ ក្រសួងអប់រំនៅក្នុងទីក្រុង Yancheng បាននិយាយថា នៅក្នុងបរិវេណកើតហេតុប្រមាណ ៥គីឡូម៉ែត្រ មានសាលារៀនយ៉ាងហោចណាស់ ១០ សាលា ដូច្នេះជនរងគ្រោះក្នុងឧបទ្ទវហេតុផ្ទុះរោងចក្រនេះក៏មានក្មេងៗជាច្រើនផងដែរ។

អាជ្ញាធរគ្រប់គ្រងការរញ្ជួយដីនៅក្នុងប្រទេសចិនបានរាយការណ៍ថា ពួកគេបានរកឃើញថា មានការរញ្ជួយដីទំហំ ២.២ រិចទ័រ ហើយពួកគេជឿថា នេះគឺកើតឡើងដោយសារតែការផ្ទុះរោងចក្រគីមីនេះ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលបណ្តាលឱ្យរោងចក្រគីមីនេះផ្ទុះនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនធំមួយនេះ ត្រូវបានគេដឹងថា ធ្លាប់ទទួលការពិន័យពីមុនម្តងរួចទៅហើយ ពាក់ព័ន្ធទៅនឹងការរំលោភបំពានការធ្វើការងារប្រកបដោយគ្មានសុវត្ថិភាព។

ទន្ទឹមគ្នានេះដែរ លោកស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិនបានថ្លែងពីប្រទេសអ៊ីតាលីថា៖

«ថ្មីៗនេះ មានឧបទ្ទវហេតុធំៗជាបន្តបន្ទាប់ ហើយគ្រប់ទីកន្លែង និងនាយកដ្ឋានពាក់ព័ន្ធ ត្រូវតែរៀនសូត្រឱ្យបានពេញលេញពីមេរៀនទាំងនេះ» ។ ដូច្នេះលោកបានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវតែមានការខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីថែទាំអ្នកដែលរងរបួសនៅក្នុងឧបទ្ទវហេតុនេះ និងដើម្បី «រក្សាស្ថិរភាពសង្គមឱ្យបានល្អ»

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖