​អតីតកាល​ដ៏ខ្មៅ​ងងឹត​របស់​​កំពូល​តារា​​សម្ដែង​ហុងកុង​ទាំង ៥​រូប ដែលអ្នកមិនធ្លាប់ដឹង

3031

តារាភាពយន្តហុងកុងទាំង ៥រូបនេះ ទទួលបានភាពល្បីល្បាញ និងគាំទ្រយ៉ាងច្រើននៅក្នុងវិស័យភាពយន្តហុងកុង ក៏ដូចជាពិភពលោក។ ប៉ុន្តែមុនពេលដែលពួកគេឈានជើងចូលក្នុងអាជីពសម្ដែងខ្សែភាពយន្ត និងទទួលបានភាពត្រចះត្រចង់ដូចសព្វថ្ងៃនេះ ពួកគេបានឆ្លងកាត់ជីវិតដ៏លំបាក រួមជាមួយនឹងវិប្បដិសារីជាច្រើន ដែលទស្សនិកជនជាច្រើនកម្រនឹងដឹងណាស់។

១. Lam Ching Ying ហៅ គ្រូចាប់ខ្មោច និងជាដៃគូ លី សៀវឡុង (ជីវភាពក្រីក្រ និងត្រូវជាប់គុក)

តារាសម្ដែងកើតឆ្នាំ ១៩៥២ Lam Ching Ying ឈរក្នុងជួរតារាក្បាច់គុនដែលមានឈ្មោះល្បីជាងគេនៅប្រទេសចិន ក្រោយពេលត្រូវបានទស្សនិកជនស្គាល់មុខតាមរយៈរឿងខ្មោចឆៅជាច្រើនដូចជា “Mr. Vampire” “Vampire vs Vampire” និង “The Ultimate Vampire” ជាដើម។ Ching Ying ធ្លាប់សហការជាមួយកំពូលតារាភាពយន្ត លីសៀវឡុង ទៀតផង។ ក្រោយពេលតារាត្រកូល លីទទួលមរណភាព លោកចាប់ផ្ដើមសហការជាមួយតារាសម្ដែង Sammo Hong។ ក្នុងឆ្នាំ ១៩៩៧ Ching Ying ចែកឋានដោយសារជំងឺមហារីកថ្លើម។

អាចនិយាយបានថាជីវិតរបស់គ្រូសិល្បចាប់ខ្មោចនេះ បានឆ្លងកាត់ទុក្ខលំបាករាប់មិនអស់។ លោកកើតមកក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូនចំនួន ៦ នាក់។ នៅពេលកំពុងរៀនបឋមសិក្សា Ching Ying ត្រូវឈប់រៀនព្រោះគ្រួសារគ្មានលទ្ធភាពឲ្យរៀនបន្តទៀត។

ក្រោយមកដោយមានសំណាង លោកបានចូលរៀននៅសាលាល្ខោនហុងកុង។ ដោយចេះក្បាច់គុនបន្តិចបន្តួច លោកបានធ្វើការក្រៅម៉ោងតាំងពីតូច។ នៅពេលមានអាយុ ១៧ ឆ្នាំ Ching Ying ចាប់ផ្ដើមសម្ដែងរឿងដោយដើរតួផ្សងគ្រោះថ្នាក់ជំនួសតារាល្បី។ តម្លៃខ្លួននៅពេលនោះរបស់លោកបាន ៧ ដុល្លារក្នុងមួយថ្ងៃ។

“នៅពេលនោះខ្ញុំមិនមែនកូនកតញ្ញូ រកលុយបានតិចតែខ្ញុំឲ្យគ្រួសារតែមួយចំណែក ចំណែកដែលនៅសល់ខ្ញុំយកទៅផឹកស៊ីជាមួយមិត្តភ័ក្ដិ។ ខ្ញុំធ្លាប់ត្រូវជាប់គុកព្រោះវ៉ៃគ្នានិងត្រូវការមនុស្សមកធានាចេញមកវិញ” Ching Ying ឆ្លើយក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ១៩៩០ ពេលរំឭកដល់អតីតកាលរបស់ខ្លួន។

២. Jackie Chan ហៅ ឈិនឡុង (គ្រួសារសង្គមងងឹត យុវភាពទំនើង)

សព្វថ្ងៃនេះ Jackie Chan ជាតារាសម្ដែងដែលគេស្គាល់ទូទាំងពិភពលោក តែសម្រាប់តារានេះផ្ទាល់នឹងមិនអាចបំភ្លេចអតីតកាលរបស់ខ្លួនបានទេ។ ឪពុករបស់លោកគឺជាមន្ត្រីរាជការម្នាក់ដែលល្បីឈ្មោះក្នុងក្រុមសង្គមងងឹតនៅខេត្ត Nanjing ឯម្ដាយរបស់លោកក្លាយជាអ្នកមានដោយសារការជួញដូរអាភៀន។ ដោយសារហេតុនេះ ឈិនឡុង ចូលចិត្តវាយគ្នាតាំងពីក្មេង។

“ខ្ញុំរពឹសរហូតដល់ថ្នាក់គ្មានអ្នកណាហ៊ានមកជិតខ្ញុំ។ អំឡុងពេលរៀនបឋម និង អនុវិទ្យាល័យខ្ញុំពិបាកជាប់នៅចុងឆ្នាំដោយសារតែខ្ញុំអវត្តមានច្រើនពេក” ឈិន ឡុង ចែករំលែក។

ដោយសារតែរប៉ិលរប៉ូចពេកតារាវ័យ ៦១ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅនៅសាលាល្ខោនហុងកុងជាមួយក្រុមសម្ដែងក្មេងដូចជា Summo Hong, Yuan Hua, Yuan Bia, Yuan Tang និង Yuan Biao។ នៅពេលចាប់ផ្ដើមអាជីពសម្ដែងដំបូង ឈិន ឡុងត្រូវដើរតួជំនួស លីសៀវឡុង និងទទួលថតរឿងអាសអាភាស។ “នឹកដល់ពេលនោះខ្ញុំចង់រំលឹកខ្លួនឯងថា ត្រូវតែពុះពារតទៅមុខទៀត”។

៣. Stephen Chow ហៅ ទិនហ្វី (ស្រេកឃ្លាន គ្មានចំណេះវិជ្ជា)

ទិនហ្វីដែលមានឈ្មោះពិតថា Stephen Chow បានកើតនៅឆ្នាំ ១៩៦២។ ដោយស្រលាញ់ក្បាច់គុនខ្លាំងពេក លោកបានតាមរៀនក្បាច់គុនពីលោកគ្រូ Wing Chun។ តារាគំរូរបស់ទិនហ្វី គឺលីសៀវឡុង ដែលធ្វើឲ្យស្ដេចកំប្លែងហុងកុងរូបនេះ តែងតែពុះពារឲ្យបានដូចរៀមច្បងរបស់ខ្លួន។ ទោះបីជាក្បាច់គុនរបស់ទិនហ្វីមិនអាចប្រៀបផ្ទឹមតារាដទៃ តែកេរ្តិ៍ឈ្មោះរបស់លោកមិនអន់ជាងគេនោះទេ។

ត្បិតតែមានឈ្មោះល្បី តែ Stephen ត្រូវគេរិះគន់ថា គម្រិះ និងចិត្តអាក្រក់។ មនុស្សមួយចំនួនបាននិយាយថា ដោយសារតែមានប្រវត្តិក្រីក្រនិងយុវភាពគ្មានសុភមង្គលជាមូលហេតុបណ្ដាលឲ្យ Stephen ក្លាយជាមនុស្សបែបនេះ។ ទិនហ្វីកើតក្នុងគ្រួសារដែលមានតែទុក្ខលំបាក ដោយម្ដាយរបស់លោកជាស្ត្រីមេម៉ាយម្នាក់ដែលត្រូវចិញ្ចឹមកូនបីនាក់។ កាលពីតូចលោកចង់រៀនក្បាច់គុនតែតារាវ័យ ៥៣ ឆ្នាំនេះបានត្រឹមរៀនតាមកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ។

ក្រោយមក ទិនហ្វី ចូលសម្ដែងឲ្យប៉ុស្តិ៍ទូរទស្សន៍ TVB តែមិនត្រូវបានគេឲ្យតម្លៃលោកខ្ពស់នោះទេ។ កំឡុងពេលនោះតារារៀមច្បង Carol Cheng បានប្រកាសថា “គ្មានថ្ងៃដែល ទិនហ្វីនឹងល្បីឈ្មោះនោះទេ”។

ដោយសារតែមានយុវភាពដែលគ្មានការហូបចុកគ្រប់គ្រាន់បានធ្វើ Stephen តែងតែសន្សំទោះបីពេលមានលុយហើយក៏ដោយ។ នៅពេលដែលល្បីហើយ ដោយសារតែខ្លាចគេដណ្ដើមតំណែងរបស់ខ្លួន ទិនហ្វីតែងតែគិតខ្លួនឯងមុនជានិច្ច។

៤. Sammo Hong ហៅ អាម៉ាប់ (ចិត្តក្ដៅ ឆេវឆាវ)

Sammo Hong កើតឆ្នាំ ១៩៥២ នៅហុងកុង ក្នុងគ្រួសារអ្នកហាត់ក្បាច់គុន។ នៅពេលមានអាយុ ៩ ឆ្នាំ លោកបានតាមលោកគ្រូ Yu Zhan Yuan ដែលជាសិស្សច្បងរបស់ ឈិន ឡុង ដើម្បីហាត់ក្បាច់គុន។ តែដល់ពេលចុងបញ្ចប់ Sammo នៅតែទទួលស្គាល់ថាខ្លួនជាមនុស្ស ឆេវឆាវពីកំណើត។ លោកបានប្រាប់ថា គ្រួសារលោកពឹងពាក់ លោកគ្រូ Yu Zhan Yuan ក៏ដោយសារតែអស់សមត្ថភាពក្នុងការប្រៀនប្រដៅលោកនៅពេលនោះ។ នៅពេលមានអាយុ ១៦ ឆ្នាំ លោកបានវាយគ្នារហូតដល់ត្រូវដេកមួយកន្លែងអស់មួយរយៈ។

រហូតដល់ពេលល្បីឈ្មោះហើយ លោកនៅតែចូលក្លឹបរាត្រីជាញឹកញាប់។ ស្នាមនៅលើមុខសព្វថ្ងៃរបស់លោកគឺកើតឡើងដោយសារតែដណ្ដើមមិត្តស្រីម្នាក់។ “ឥលូវនេះ នៅពេលដែលមានកូន៤នាក់ និងចៅជាច្រើនទើបខ្ញុំនឹកឃើញថា កាលពីមុនខ្ញុំរស់នៅដូចគ្មានបានការសោះ” តារាវ័យ ៦៣ ឆ្នាំចែករំលែក។

៥. Donnie Yen ហៅ កុំកុំ (គេចសាលា ទៅធ្វើសន្តិសុខនៅផ្ទះបន)

កុំកុំដែលមានឈ្មោះពិតថា Donnie Yen បានទទួលស្គាល់ថា យុវភាពរបស់ខ្លួនគឺជាការរស់នៅដែលគ្មានដឹងថា អ្វីជាថ្ងៃស្អែកនោះទេ។ ដោយស្រលាញ់ក្បាច់គុន លើកតម្កើង លីសៀវឡុង សម្រាប់ កុំកុំ ចំណេះវិជ្ជាគឺជារឿងមិនសំខាន់។ លោកតែងតែគេចសាលា ដែលធ្វើឲ្យគ្រួសារលែងខ្វល់ពីខ្លួនតទៅទៀត។

“និយាយទៅខ្ញុំគេចសាលាស្ទើររាល់ថ្ងៃ បើទោះបីចូលសាលាគ្រាន់តែហៅវត្តមានរួចគឺខ្ញុំបិទភ្នែកដេកភ្លាម។ នៅពេលទៅដល់ផ្ទះ ទោះបីជាឪពុកម្ដាយស្ដីបន្ទោសក៏ខ្ញុំមិនដែលរៀនសូត្រអីដែរ។ ពិន្ទុរបស់ខ្ញុំទាបជាងគេនៅក្នុងថ្នាក់”។

អាយុ ១៦ ឆ្នាំ ក្រោយពេលឈ្លោះគ្នាជាមួយឪពុក Donnie រត់ចេញពីផ្ទះទៅធ្វើសន្តិសុខនៅផ្ទះបនមួយ ដែលមួយថ្ងៃៗ ត្រូវគេវាយស្ទើរស្លាប់ខ្លួន រហូតដល់ធ្វើឲ្យតារារូបនេះ ភ្ញាក់ខ្លួនសម្រេចចិត្តត្រលប់មកទីក្រុង ប៉េកាំងវិញ។

ត្រលប់មកទីក្រុង ប៉េកាំង គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ Donnie។ លោកចាប់ផ្ដើមរៀនក្បាច់គុន Wu Shu និងត្រូវបានអ្នកដឹកនាំសម្ដែងឲ្យសម្ដែងតួតូចតាច។ ក្រោយរយៈពេល ១០ ឆ្នាំ តារាវ័យ ៥២ ឆ្នាំល្បីកក្រើកពេលសម្ដែងរឿង “Circus Kid”។ ក្រោយមកលោកមានឈ្មោះល្បីជាអន្តរជាតិពេលសម្ដែងរឿង “Kill Zone” និង “Ice Man” ជាដើម៕