ចុម… សូម្បីជ្រូក ក៏ជាប់ក្នុងកំណត់ត្រាពិភពលោកដែរ ហើយជាប់ ៨មុខទៀត

1531

សត្វជ្រូក – ជាឈ្មោះសំដៅទៅលើភាពខ្ចិលច្រអូស ដែលយើងតែងតែប្រើដើម្បី យកមកប្រៀបធៀបចំពោះមនុស្ស ឬសត្វដែលខ្ចិលច្រអូស ប៉ុន្តែតាមពិតទៅ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៌ច្រើនទាក់ទងនឹងសត្វកំចឹលមួយប្រភេទនេះ ហើយមនុស្សជាច្រើនកម្រនឹងដឹងណាស់។

ជាសមិទ្ធិផល ពួកវាបានជាប់នៅក្នុងកត់ត្រានៅក្នុងកំណត់ត្រាពិភពលោក Guinness ទៀតផង។ ខាងក្រោមនេះអ្នកនឹងបានឃើញថាពួកវាមានអ្វីខ្លះដែលប្លែកជាងគេ ទើបមានក្នុងកំណត់ត្រាពិភពលោក។

១. សត្វជ្រូកដែលធំជាងគេ ដែលធ្លាប់មាន

សត្វជ្រូកមួយនេះឈ្មោះថា Big Bill ជាជ្រូករបស់កសិករម្នាក់ឈ្មោះ Elias Buford Butler នៅឯ Tennessee ប្រទេសអាមេរិច។ Big Bil គឺជាពូជកូនកាត់រវាង Ban Lan និង ជ្រូកចិន។

សត្វជ្រូកមួយនេះមានទំងន់ ១.១៥៧តោន ប្រវែង ២.៧៤ម៉ែត្រ និង កំពស់ ១.៥២ម៉ែត្រ ប្រហែលនឹងកំពស់របស់ក្មេងស្រីអាយុ ១២ឆ្នាំ។

២. ចុះពូជជ្រូកដែលតូចជាងគេវិញ ជាពូជមួយណាទៅ?

ពូជជ្រូកដែលតូចជាងគេគឺ ពូជជ្រូក Porcula Salvania ដែលឃើញមានតែ ៣ ៤ក្បាលប៉ុណ្ណោះរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា។

ជ្រូកពេញវ័យឈ្មោលប្រភេទនេះ បានប្រវែង ៦១-៧១សង់ទីម៉ែត្រ តែប៉ុណ្ណោះ និងទំងន់ ៨-១០គីឡូ។ ចំណែកជ្រូកញីវិញ តូចជាងជ្រូកឈ្មោះទៀត គឺប្រវែងពី ៥៥-៦២សង់ទីម៉ែត្រ និង ទំងន់ ៦-៨សង់ទីម៉ែត្រប៉ុណ្ណោះ។

៣. ជ្រូកព្រៃដែលធំជាងគេ នៅក្នុងប្រវត្តិសាស្ត្រ

ទោះបី Big Bill ធំជាងគេនៅក្នុងកំណត់ត្រាមែន តែវាមិនបានរស់នៅក្នុងព្រៃទេ ហើយត្រូវបានចិញ្ចឹមដោយមនុស្ស។

បើសិនជានៅក្នុងពិភពធម្មជាតិវិញ មានឈ្មោះជ្រូកព្រៃមួយប្រភេទដែលធំបំផុត ហើយក៏ជាប្រភេទសត្វផុតពូជផងដែរ គេហៅវាថា ជ្រូក unicorn ដែលមានឈ្មោះថា Kubanochoerus gigas។

ហេតុផលដែលហៅវាបែបនេះ ដោយសារជ្រូកព្រៃប្រភេទនេះ មានស្នែងធំនៅលើថ្ងាសអាចត្រូវបានវាប្រើសម្រាប់សំគាល់ថាជាជ្រូកឈ្មោល។ ជ្រូក Unicorn ធ្លាប់រស់នៅក្នុងលើទឺកដីនៃប្រទេសរុស្សី និងប្រទេសចិន ក្នុងចន្លោះពី ៧ ទៅ ២០ លានឆ្នាំមុន។ ជ្រូកដែលចាស់អាចនឹងមានទម្ងន់រហូតដល់ ៥០០គីឡូក្រាម និងមានកម្ពស់ ១.២ ម៉ែត្រ។

៤. ជ្រូកធំ និងសាហាវជាងគេក្នុងបុរេប្រវត្តិ (Hell Pig)

ជ្រូកធំ និងសាហាវជាងគេក្នុងបុរេប្រវត្តិគឺ Daeodon shoshonensis (aka Dinohyus hollandi) ។ សត្វជ្រូកប្រភេទនេះមានប្រវែងប្រហែល ១.៨ ទៅ ២ម៉ែត្រ (៥ ហ្វីតនិង ១០ អ៊ីញក្នុង ៦ អ៊ីញ) គិតត្រឹមស្មារបស់វា វាមានកំពស់ខ្ពស់ជាងមនុស្សពេញវ័យធម្មតាទៀត ហើយមានទំងន់ប្រហែលមួយតោន។ លលាដ៍ក្បាលរបស់វាមានប្រវែងប្រហែល 90 សង់ទីម៉ែត្រ ប៉ុន្តែនៅខាងក្បាលរបស់វា មានខួរក្បាលតូច មិនវិមាឌមិនធំជាងផ្លែទឹកក្រូចឡើយ ដែលអាចនិយាយបានថាវាជាសត្វដែលមិនឆ្លាតនោះឡើយ។

ការវិភាគចុងក្រោយ ពួកវាមានទំនាក់ទំនងទៅនឹងពពួកត្រីបាឡែន និង ដំរីទឺក ដូច្នេះពុំគួរចាក់ពួកវាចូលក្នុង អំបូរសត្វជ្រូកឡើយ។

៥. ពូជជ្រូកស្រុកមានរោមក្រាស់បំផុត

មិនមានសត្វជ្រូកទាំងអស់សុទ្ធតែមានរោមខ្លីនោះទេ។ មកមើលជ្រូករបស់ប្រទេសហុងគ្រី ឈ្មោះ Mangalitza វិញ វាជាជ្រូកក្នុងស្រុកដែលមានរោមជ្រួញច្រើនបំផុត។

ពូជនេះមានរោមវែង ក្រាស់ និងអង្កាញ់ដូចសត្វចៀម។ វាមានពូជបីប្រភេទ ដែលមួយគេហៅថា Blond Mangalitza (ពណ៌ស / ទង់ដែង) មួយទៀតហៅថា Swallow-bellied Mangalitza (ខ្លួនខ្មៅ ជើងនិងពោះពណ៌ស) និងចុងក្រោយ Red Mangalitza(រាងក្រហម) ។

៦. ជ្រូកដែលចាស់ជាងគេបំផុតក្នុងពិភពលោក

ជ្រូកមានជីវិតជាមធ្យមប្រហែល 8 ឆ្នាំ។ ខណៈដែលជ្រូកមិនត្រូវបានប្រឈមមុខជាមួយសត្វព្រៃផ្សេង ពួកវាមានអាយុកាលយូរជាង 20 ឆ្នាំ និងក្នុងករណីមិនត្រូវបានធ្វើជាម្ហូបរបស់មនុស្ស។

ក្នុងកំណត់ត្រាជ្រូកមានជីវិតវែងបំផុត ធ្លាប់បានកត់ត្រា គឺអាយុ 23 ឆ្នាំ និង 76ថ្ងៃ ដែលមានឈ្មោះថា Ernestine បានកើតថ្ងៃទី 17 ខែកក្កដាឆ្នាំ 1991 និងបញ្ចប់ជីវិតក្នុងឆ្នាំ 2014។ ជ្រូកញីនេះ ជាសត្វចិញ្ចឹមដោយគ្រួសាររបស់  Dan King នៅ Calgary ប្រទេសកាណាដា។

៧. ជ្រូកដែលផ្ដល់កំណើតកូនមួយសំបុកច្រើនជាងគេបំផុត

ជាធម្មតាជ្រូកស្រុកផ្តល់កំណើតម្ដងបានកូនជ្រូករហូតដល់ 12 ក្បាល។ ប៉ុន្តែជ្រូកនេះវិញ បានផ្ដល់កំណើតកូនច្រើនលើសពីធម្មតារហូតដល់ទៅ 3 ដងឯណោះ។

នៅថ្ងៃទី 21 ខែកញ្ញាឆ្នាំ 1993 ជ្រូកដែលមានឈ្មោះថា “Sow 570” បានផ្តល់កំណើតដល់កូនជ្រូក 37 ក្បាលនៅឯកសិដ្ឋាន Eastfield House ក្នុងក្រុងមែលប៊ន រដ្ឋយ៉កស័រប្រទេសអង់គ្លេស។ ក្នុងចំណោមជ្រូក ៣៧ ក្បាលដែលបានកើតមករស់ 33 ក្បាល ដែលជាអត្រារស់រានមានជីវិតគួរឱ្យចាប់អារម្មណ៍។

៨. ចុងក្រោយគឺ ជ្រូកដែលលោតបានខ្ពស់ជាងគេក្នុងពិភពលោក

សត្វជ្រូកប្រហែលជាមិនអាចហោះហើរបានទេ ប៉ុន្តែជ្រូកមួយចំនួនអាចលោតបានល្អណាស់ ទោះបីដុះក្បាលពោះក្ដី។

នៅថ្ងៃទី 22 ខែសីហាឆ្នាំ 2004 សត្វជ្រូកដែលមានឈ្មោះថា Kotetsu បានទទួលជោគជ័យក្នុងលោតកម្ពស់ 70 សង់ទីម៉ែត្រ ដែលជាការលោតខ្ពស់បំផុតដោយជ្រូកមួយ នៅកសិដ្ឋាន Mokumoku Tedsukuri នៅក្នុង Mie Prefecture ប្រទេសជប៉ុន។